
ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រជុំ បូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តការងារនគរបាល និងសហគមន៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី លោក-លោកស្រី ស្នងការរង នាយការិយាល័យ និងអធិការ-អធិការង នៃអធិការដ្នានគរបាលក្រុង-ស្រុកទាំង៧ មេបញ្ជាការ-មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និងលេខ៦១៧ នាយប៉ុស្តិ៍នគរបាលការពារព្រំដែន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ។
ក្នុងកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោស្នងការ បានមានប្រសាសន៍ណែនាំដល់ កម្លាំងនគរបាលគ្រប់ជំនាញ អធិការដ្ឋាន និងនគរបាលការពារព្រំដែន ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របស់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងខេត្តត្បូងឃ្មុំ ដោយចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្មេងទំនើង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ដោយអគ្គិភ័យ យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងអនុវត្តអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល។
ក្នុងនោះដែរ ស្នងការដ្ឋាននគរបាលខេត្ត ត្បូងឃ្មុំ បានប្រគល់នគរបាលក្របខ័ណ្ឌជួស ទៅតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល តាមប្រកាសរបស់ក្រសួងមហាផ្ទៃផងដែរ។
ចុងក្រោយលោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើ ថ្នាក់ដឹកនាំ ប្រធានអង្គភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់សុខទុក្ខ ជីវភាព សុខភាពរបស់កងកម្លាំងក្រោមឱវាទរួមនឹងគ្រួសារ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងអង្គភាព។












