
ខេត្តកំពង់ចាម:នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានគណៈកម្មាធិការបក្សខេត្ត ឯកឧត្តម លោកជំទាវ ក្នុងជួរគណៈអចិន្ត្រៃយ៍បក្សខេត្ត, លោក លោកស្រី សមាជិកគណៈកម្មាធិការបក្សខេត្ត ប្រធាន អនុប្រធានគណបក្សមូលដ្ឋានក្រុង/ស្រុកទាំង១០ រួមនិងមន្ត្រីបក្សពាក់ព័ន្ធមួយចំនួន ស្ថិតនៅទីស្នាក់ការគណបក្សខេត្តកំពង់ចាម។
បន្ទាប់ពីការអានរបាយការណ៍ផ្សព្វផ្សាយ ស្តីពីសភាពការណ៍ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយ ឯកឧត្តម អនុប្រធានគណបក្សខេត្ត រួចមក, ឯកឧត្តម អ៊ុន ចាន់ដា ប្រធាន គណៈកម្មាធិការបក្សខេត្តកំពង់ចាម បានថ្លែងការការកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ ក្នុងជួរគណៈអចិន្ត្រៃយ៍គណបក្សខេត្ត រួមនឹងមន្ត្រីគណបក្សទាំងអស់ ដែលបានលះបង់លះបង់យ៉ាងធំធេងចំពោះគណបក្ស និងប្រជាជនដោយពុំគិតការនឿយហត់ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់មកដល់ពេលនេះ។
ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់ក្រុមការងារគណបក្ស និងមន្ត្រីពាក់ព័ន្ធ អនុវត្តតាមខ្លឹមសារ របាយការណ៍ផ្សព្វផ្សាយរួម របស់គណៈកម្មាធិការកណ្តាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសូមបន្តពង្រឹងការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដើម្បីទទួលបានទំនុកចិត្តបន្ថែមពីប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណា រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមមាគាដឹកនាំដ៏ភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគណបក្សចំណុះ គណៈកម្មាធិការបក្សខេត្តទាំងអស់ សូមបន្តផ្សព្វផ្សាយដល់មន្ត្រីគណបក្សនៅតាមមូលដ្ឋាន សូមបន្តអនុវត្ត និងកសាងខ្លួនធ្វើនូវអំពើល្អជាប់ជាប្រចាំ ដោយប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ ដើម្បីឲ្យសក្ដិសមជាមន្ត្រីគណក្ស ដែលមានតួនាទីបំរើនូវសេវាផ្សេងៗ តាមអង្គភាពរដ្ឋ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងដើម្បីជាការឆ្លើយតបទៅនឹងទិសដៅរបស់គណបក្ស និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕












