
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញបន្ដដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយផែនការសំខាន់ៗ និងផ្សព្វផ្សាយទិសដៅរបស់អគ្គស្នងដ្ឋាននគរបាលនគរបាលជាតិ ព្រមទាំងការបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅអនុវត្តបន្ត នៃអធិការដ្ឋាននគរបាលស្រុកកងមាស ។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ បានធ្វើការវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹង នាពេលកន្លងមក ចំពោះការអនុវត្តលើការងារជំនាញ តាមរយៈលទ្ធផល នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ។
ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានបន្ដទៀតថា ស្របពេលសភាពការណ៍បច្ចុប្បន្ន គ្រប់កងកម្លាំងទាំងអស់ ត្រូវបង្កើនសកម្មភាពទ្វេរដង ពីរមួយថ្ងៃទៅមួយថ្ងៃ ដែលស្ដែងចេញពីឆន្ទ:ពិតប្រាកដ ដើម្បីពង្រឹង និងពង្រីក សក្ដានុពលដឹកនាំគ្រប់គ្រង គ្រប់ផ្នែកជំនាញ និងបានដាក់ចេញនូវទិសដៅ អនុវត្តបន្ដ ដែលត្រូវអនុវត្តប្រកបដោយគុណភាព និងប្រសិទ្ធភាព ។
ជាមួយគ្នានេះត្រូវបន្ដ ការគោរពវិន័យកងកម្លាំងនគរបាលជាតិឱ្យបានមុឹងម៉ាត់បំផុត និងកត្តាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានចុះត្រួតពិនិត្យការជួសជុលកែលម្អ និងពង្រីកអាគារ នៃបន្ទប់ផ្នែកជំនាញបន្ថែម ចំនួន០២បន្ទប់ មានបណ្ដោយ ១៥ ម៉ែត្រ និងទទឹង ៧,៥ ម៉ែត្រ ដែលចំណាយថវិកាអស់ប្រមាណជាង ៤០លានរៀល ក្រោមការផ្ដួចផ្ដើមរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លោកអធិការនគរបាលស្រុកកងមាស និងសប្បុរសជននានា ផងដែរ ៕












