
ខេត្តកំពង់ចាម:ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកបាធាយ បានដឹកនាំកងកម្លាំងអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលជាលា នៃអធិការដ្ឋាននគរបាលស្រុកបាធាយ ។
អាគារប៉ុស្តិ៍នេះ ជាអំណោយដ៏ថ្លៃថ្លារបស់ក្រសួងមហាផ្ទៃ
ដែលមានទំហំ ៩ម៉ែត្រ គុណនឹង១១ម៉ែត្រ ដំបូងប្រកគ្រឿង និងមានបន្ទប់ទឹក ១បន្ទប់ដាច់ដោយឡែក ។
គូសបញ្ជាក់ផងដែលថា ក្រោមការដឹកនាំគិតគូរយកចិត្តរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ចាប់តាំងពីមកកាន់តំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម វឌ្ឍនភាពនៃការសាងសង់អាគាររដ្ឋបាល អាគារស្នាក់នៅ សាលប្រជុំ និងកន្លែងរក្សាមធ្យោបាយជាច្រើន បានលេចចេញជារូបរាងជាបន្តបន្ទាប់ ដែលសមិទ្ធផលទាំងអស់នេះ ទទួលបានពីក្រសួងមហាផ្ទៃ និងក្រោមការផ្ដួចផ្ដើមដឹកនាំកសាងពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោស្នងការ និងមានចូលរួមពីសប្បុរសជន នានា ដែលបានកសាងរួចរាល់ និងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលកន្លងមក ដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃ ការស្នាក់នៅ និងប្រចាំការរបស់កងកម្លាំង ពិសេសបានផ្ដល់សេវាសំណូមពរ យ៉ាងឆាប់រហ័ស និងងាយស្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងនោះចំពោះការសាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាល សរុបចំនួន ៣៧ប៉ុស្ដិ៍ ជាអំណោយរបស់ក្រសួងមហាផ្ទៃ ចំនួន ២៩អាគារ និងសប្បុរសជន ចំនួន ៨អាគារ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បាននាំយកបច្ច័យសម្រាប់ប្រគេនដល់ព្រះសង្ឃ និងជូនតាអាចារ្យ យាយជី តាជី កងកម្លាំង ប្រជាការពារ និងថវិកាមួយចំនួន សម្រាប់រៀបចំ នៃកម្មវិធី ផងដែរ ៕
































