
ខេត្តកំពង់ចាម÷ នៅព្រឹកថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំ ខែមិថុនា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ដ ។
ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្សព្វផ្សាយនូវ សភាពការណ៍ថ្មីៗ និងការត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងកិច្ចការពារ រក្សាសុវត្ថិភាព និងសន្តិសុខសង្គមជាតិ ។ ជាមួយគ្នានេះ ត្រូវបន្ដពង្រឹងវិធានការ បង្ការទប់ស្កាត់គ្រប់សកម្មភាពបទល្មើស និងក្មេងទំនើង ព្រមទាំងបន្ដបំផុសការចូលរួម អនុវត្តគោលនយោបាយភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព ឱ្យបានផុលផុសនៅគ្រប់មូលដ្ឋាន ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការ-អធិការរងនគរបាល ក្រុង/ស្រុក ទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០៩ ឃុំ/សង្កាត់ ផងដែរ ៕











