
ពោធិ៍សាត់ ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំសម្របសម្រួល និងប្រជុំដើម្បីទទួលផែនការ និងផ្សព្វផ្សាយសភាពការណ៍ថ្មី របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។ ពិធីប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ វរសេនីយ៍ក្រុមការងារក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ លោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកមេបញ្ជាការ វរសេនាតូចការពារព្រំដែនលេខ ៨២៥ និងលោកអធិការនគរបាលស្រុក-ក្រុង ក្នុងខេត្តពោធិ៍សាត់។
លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានអានរបាយការណ៍លទ្ធផលកិច្ចសហប្រតិបត្តិការរក្សា សន្តិសុខ ជូនប្រជាពលរដ្ឋ និងការត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ក្នុងទ្រោលសភាពការណ៍ ពីការឈ្លានពាន មកលើបូរណភាពទឹកដី ប្រទេសកម្ពុជា ។
ឯកឧត្តមទាំងពីរ បានមានប្រសាសន៍ ផ្ដោតលើការពង្រឹងស្មារតីទំនួលខុសត្រូវ ការទប់ស្កាត់បទល្មើស គ្រប់ប្រភេទ និងការអនុវត្តការងារសន្តិសុខសាធារណៈអោយបានប្រសើរឡើង ដើម្បីបំពេញតាមទិសដៅនៃយុទ្ធសាស្រ្តថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។ ឯកឧត្តមទាំងពីរ ក៏បានបន្ថែមថា ស្របពេលសភាពការណ៍ នៅខ្សែរបន្ទាត់ព្រំដែន កំពុងមានការឈ្លានពាន ពីសំណាក់ប្រទេសជិតខាង កម្លាំងនៃស្នងការដ្ឋាន ត្រូវត្រៀមលក្ខណៈ ប្រមូលផ្តុំកម្លាំងទ្រោលសភាពការណ៍ ដោយស្មារតីឆន្ទៈ ស្នេហាជាតិ ស្នងការដ្ឋាននគរបាលខេត្ត ត្រៀមអាវុធ និងគ្រាប់ អោយបានគ្រប់គ្រាន់ ត្រួតពិនិត្យវិទ្យុទាក់ទង ត្រៀមស្បៀងអាហារ ជូនដល់កម្លាំងចេញបេសកកម្ម ត្រៀមមធ្យោបាយដឹកជញ្ជូន កងកម្លាំង ជំរក តង់ជំរំ អោយបានសមរម្យហ្វឹកហាត់ កម្លាំងអោយកាន់តែជំនាញក្នុងការប្រយុទ្ធពង្រឹងនិងសហការជួយការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្តាប់ព័ត៌មាននៅមូលដ្ឋាន រក្សាការជឿទុកចិត្ត ពីប្រជាជន និងការពារការផ្ទុះជម្លោះផ្ទៃក្នុង ៕

























