
(កំពង់ចាម): នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យការដ្ឋានជួសជុលផ្លូវ នៃគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាម។
បើតាមលោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងថា ការដ្ឋានស្ថាបនា និងជួសជុលផ្លូវ នៃគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាម ចែកចេញជាបី ប្រភេទ រួមមាន:
-ផ្លូវអ៊ុតកៅស៊ូAC 48,269m
-ផ្លូវបេតុងRC12,224m
-ផ្លូក្រាលកៅស៊ូDBST 25,953m សរុប 86,446m ហើយលោករំពឹងថា ការដ្ឋានជួសជុលផ្លូវខាងលើនឹងបញ្ចប់នៅអំឡុងចុងឆ្នាំ២០២៥នេះ។
ដោយឡែក គម្រោងការដ្ឋានសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាម គិតមកដល់ពេលនេះ សម្រេចបានលទ្ធផលប្រមាណ៧៩%ហើយ ដោយរំពឹងថានឹងរួចរាល់១០០% នៅចុងខែធ្នូ ឆ្នាំ២០២៥ខាងមុខ។
ក្នុងដំណើរអញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានខាងលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ត្រីបច្ចេកទេស អជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បន្តចុះតាមដានការដ្ឋានឲ្យបានជាប់ជាប្រចាំ សំដៅធ្វើយ៉ាងឲ្យការដ្ឋានមួយនេះ អនុវត្តទៅតាមស្តង់ដារបច្ចេកទេស ទើបផ្លូវប្រើប្រាស់បានគង់វង្សយូរអង្វែង៕










