
នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូតផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសិកា សេង ឡាង ត្រូវជាម្ដាយបង្កើត ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម ដែលបានទទួលមរណៈភាពក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ កាលពីថ្ងៃចន្ទ ១០កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥កន្លងទៅ ដែលពិធីបុណ្យប្រារព្ធធ្វើនៅវត្តព្រះអង្គខ្មៅ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង សហការី អមដំណើរ ក៏បានចូលរួមចែករំលែក នូវសមានទុក្ខ យ៉ាងក្រៀមក្រំជាមួយ ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម ព្រមទាំង ក្រុមគ្រួសារ សាច់ញ្ញាតិ ចំពោះការបាត់បង់ ម្តាយក្មេក ម្តាយបង្កើត ជីដូន ជីដូន ទួត ជាទីគោរពស្រលាញ់ ពោរពេញទៅដោយ ព្រហ្មវិហារធម៌ ដ៏ល្អប្រពៃដែលបានបីបាច់ថែរក្សា ទំនុកបម្រុង បុត្រ ធីតា ទាំងអស់ ប្រកបដោយ ការទទួលខុសត្រូវយ៉ាងខ្ពស់បំផុត ។ ទន្ទឹមនឹងនោះ ទោះបី រូបកាយ របស់ឧបាសិកា សេង ឡាង បានបាត់បង់ទៅមែនពិត ក៏ប៉ុន្តែអំពើជាកុសលកិត្តិយស សេចក្តីថ្លៃថ្នូរ និងស្ថិតស្ថេរនៅក្នុង សណ្ដានចិត្ត របស់កូនចៅ និងញ្ញាតិមិត្ត ជិត ឆ្ងាយ ទាំងអស់ ជានិរន្តរ៍ ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមទាំងទ្វេ ក៏បានចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម សួស ឡា ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ សព ឧបាសិកា សេង ឡាង បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕








