
ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសេនាធិការ នៃស្នងការដ្ឋាន លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ ពិធីប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែកញ្ញា និងដកបទពិសោធន៍ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។
ដោយមានចូលរួម លោក លោកស្រី ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និង៦១៧ លោកអធិការនរបាលក្រុង-ស្រុក ទាំង៧ អធិការរង ។
លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ កោតសរសើរ និងអរគុណចំពោះ បណ្ដាអង្គភាពទាំងអស់ ចំណុះស្នងការដ្ឋាន ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើសេវាសាធារណៈ ល្បាតចល័ត ធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ គ្រឿងញៀន បង្ការទប់ស្កាត់ក្មេងទំនើង បទល្មើសផ្សេងៗនៅតាមបន្ទាត់ព្រំដែន ពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពបទវិន័យរបស់កងកម្លាំង បន្តការផ្សព្វផ្សាយបន្ថែមច្បាប់ពាក់ព័ន្ធ បង្ការទប់ស្កាត់ការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គីភ័យ ត្រៀមកម្លាំងជួយអន្តរាគមន៍ គ្រោះមហន្តរាយនានា ទីទួលសុវត្ថិភាព និង ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ នៅតាមទីប្រជុំជន ពិសេសការចូលរួមថែរក្សាការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រមុខថ្នាក់ដឹកនាំបងប្អូនប្រជាពលរដ្ឋ នារដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កន្លងទៅថ្មីៗនេះ បានយ៉ាងល្អប្រសើរ ។ លោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរង ទទួលផែនសេនាធិការ បានឡើងអានរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៥ ។
ជាទីបញ្ចប់លោកឧត្តមសេនីយ៍ស្នងការ បានដាក់ផែនការទិសដៅ ចំនួន ៩ចំណុចធំៗ ឲ្យមន្ត្រីចំណុះ ត្រូវយកចិត្តទុកដាក់ អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងត្រៀមរៀបចំផែនការការពារ ប្រមុខថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ









