
ត្បូងឃ្មុំ៖ នៅរសៀលថ្ងៃសុក្រ ទី០៣ ខែតុលា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ដោយមានការយកចិត្តទុកដាក់ខ្ពស់ លើសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ និង កងកម្លាំងនគរបាល នៅមូលដ្ឋាន លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំ លោកស្នងការរង សហការី កងកម្លាំងប្រចាំការ២៤ម៉ោង នៅគល់ស្ពានគីហ្សូណាត្រើយខាងកើត ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ ផ្ទះសំបែង ទីទួលសុវត្ថិភាព និងសួរសុខទុក្ខដល់ បងប្អូនប្រជាពលរដ្ឋ ដែលកំពុង ជួបប្រទះនូវគ្រោះទឹកជំនន់ និង កងកម្លាំងនគរបាល នៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលកំពុងប្រចាំការ ២៤ម៉ោង នៅមូលដ្ឋាន ត្រៀមរង់ចាំសំណើរទទួល ជួយអន្តរាគមន៍ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានតម្រូវការចាំបាច់ នៅក្នុងតំបន់ទឹកជំនន់ ក្នុងភូមិសាស្ត្រ ប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទ៍១ បឹងព្រួល ពាមជីលាំង ស្រុកត្បូងឃ្មុំ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងនាំយកនូវ អំណោយ ដ៏ថ្លៃថ្លា ជាគ្រឿងឧបភោគបរិភោគ និងថវិកា រួមមាន៖ អង្ករចំនួន ៥០គីឡូក្រា ថវិកា ចំនួន ២០០,០០០រៀន មីចំនួន ០១កេស ត្រីខកំប៉ុងចំនួន ០១យួរ ទឹកត្រីចំនួន ០១យួរ ទឹកស៊ីអ៊ីវចំនួនម ០១យួរ ប្រេងឆាចំនួន ០១ដប ប៊ីចេងចំនួន ០១កញ្ចប់ អំបិលចំនួន ០១កញ្ចប់ និង ស្កចំនួន ០១កញ្ចប់ ផ្ដល់ជូនដល់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងមួយប៉ុស្តិ៍ សរុប ០៣ប៉ុស្តិ៍ ។
លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានមានប្រសាសន៍ផ្ដាំផ្ញើ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់លើ បញ្ហាគ្រោះទឹកជំនន់ ការរស់ អាហារហូបចុក បរិភោគទឹកស្អាត អនាម័យសុខភាព រៀបចំទុកដាក់ទ្រព្យសម្បត្តិផ្សេងៗ ឲ្យបានល្អ ជៀសវាងការខូចខាត បាត់បង់ ជាពិសេសប្រុងប្រយ័ត្នចំពោះ ការឆ្លងចរន្តអគ្គិសនី ។ល។




















