
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្កកណ្ដាល បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកណ្ដាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម ឆាន់ សាផាន ទីប្រឹក្សារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អតីតអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងអតីតអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៣៦ នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ ។
ក្នុងនាមរដ្ឋបាលខេត្តកណ្ដាល ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្កកណ្ដាល សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគស្ទើររកទីបំផុតគ្មានចំពោះការបាត់បង់ ឯកឧត្តម ឆាន់ សាផាន ដែលជាការបាត់បង់នូវឧត្តមស្វាមី លោកឪពុក ឪពុកក្មេក លោកតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ចំពោះ ភរិយា កូនៗ ចៅៗជាទីស្រឡាញ់ដ៏ប្រពៃថ្លៃថ្លា ហើយក៏ជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូប ដែលជាធនធាន មនុស្សដ៏សំខាន់សម្រាប់វិស័យរៀបចំដែនដី រដ្ឋបាលដីធ្លី នគរូបនីយកម្ម និងកសិកម្មរបស់កម្ពុជា។ ឯកឧត្តម បាន ចូលរួមយ៉ាងសកម្មរហូតដល់ថ្ងៃអវសាននៃជីវិត ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយវិវាទដីធ្លី កំណែទម្រង់រដ្ឋ បាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការងារគណៈកម្មាធិការជាតិសម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ប្រកបដោយមនសិការវិជ្ជាជីវៈ ក្នុងស្មារតីស្នេហាជាតិមាតុភូមិ និងឆន្ទៈដ៏មោះមុត ព្រមទាំងលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ក្នុងការចូលរួមបំពេញករណីយកិច្ចបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា និងចូលរួមចំណែកធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព សុភមង្គល និងវិបុលភាព។












