
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ពិធីបើកវិញ្ញាសា ប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
គួរបញ្ជាក់ថា ការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី១០ ឱ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ តាំងពីចូលកម្រិតមធ្យមសិក្សាបឋមភូមិ ជាពិសេសចាប់ពីថ្នាក់ទី៧ ឡើងទៅ ដើម្បីអាចត្រៀមលក្ខណៈឱ្យបានល្អតាំងពីដើមសម្រាប់ប្រលងយកពានរង្វាន់របស់ សម្តេចធិបតី សម្រាប់សិស្សឆ្នើមនៅថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរផង និង សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ផង។
បេក្ខជនប្រលងជ្រើសរើសសិស្សឆ្នើមនេះមានចំនួន ១៨៩នាក់(ស្រី១២៨នាក់) រីឯមុខវិជ្ជាក្នុងការប្រឡងមាន ៤ មុខវិជ្ជា គឺ៖ គណិតវិទ្យា, រូបវិទ្យា, អក្សរសាស្រ្ត និង ប្រវត្តិវិទ្យា។
ដើម្បីធានាសុក្រឹត្យភាព តម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌, ក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកលើការចេញវិញ្ញាសា និងការកែសន្លឹកការ។ ដោយឡែក ក្រុមការងាររបស់ក្រសួងយុត្តិធម៌ ទទួលបន្ទុកលើការងាររៀបចំការរៀបចំដំណើរការនៃការប្រលង ដោយសហការជាមួយវិទ្យាល័យទាំង៥ និងមានការសង្កេតការពីសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ៕








