
ក្រគរ៖ នៅព្រឹកថ្ងៃសោរ៍ ទី២៩ ខែតុលា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលស្រុកក្រគរ បានរៀបចំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តន៍បន្ដប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក មោក ភាមរ្យ នៃអធិការនគរបាលស្រុកក្រគរ ដោយមានការចូលរួមពី លោក លោកស្រីអធិការរង លោក លោកស្រីនាយផ្នែក នាយរងផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលទាំង១១ និងមន្ដ្រីពាក់ព័ន្ធផងដែរ ។
លោកអធិការ បានកោតសរសើរដល់កងកម្លាំងផែនជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលខិតខំប្រឹងប្រែងអនុវត្តន៍តួនាទីភារកិច្ចនៅតាមមូលដ្ឋានបានល្អប្រើសើរ។
លោកអធិការបានជម្រុញឱ្យគ្រប់បណ្តាផែនជំនាញ ត្រូវគ្រប់គ្រងកម្លាំងរបស់ខ្លួនឱ្យបានល្អ និងជំរុញកម្លាំងនគរបាលឱ្យមានភាពសកម្មក្នុងការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ចរបស់ខ្លួន ប៉ុស្ដិ៍នគរបាលរដ្ឋបាល ធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ.ឃុំសង្កាត់មានសុវត្ថិភាព ទន្ទឹមនឹងនេះ ត្រូវបន្តពង្រឹង និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្មេងទំនើង ល្បែងស៊ីសង និងល្បែងអនឡាញ ជាពិសេសពង្រឹងស្រាវជ្រាវទីតាំង បង្ក្រាបបទល្មើស ឆបោកតាមអនឡាញ (Online Scam) ត្រួតពិនិត្យ និងបង្ក្រាបការលួចលាក់ ចូលមកស្នាក់នៅ របស់ជនបរទេសខុសច្បាប់ និងបង្ខាំងមនុស្ស ធ្វើទរុណកម្ម និង ជំរិតទារប្រាក់។
ជាមួយគ្នានេះលោកអធិការ ស្នើសុំការអនុវត្តន៍វិន័យលើកម្លាំងដែលអសកម្ម និងប្រព្រឹត្តិខុស ក្រមសីលធម៌របស់នគរបាលជាតិ តាមការចាំបាច់ និងតាមបទបញ្ជាផ្លូវការ ត្រូវបង្កើនការត្រួតពិនិត្យ និងស្វែងយល់ឱ្យបានច្បាស់លាស់ រាល់ករណីដែលមានការបង្ហោះ ឬចែកចាយព័ត៌មានមិនប្រក្រតី ប៉ះពាល់ដល់កិត្តិយស និងគុណតម្លៃរបស់មន្ត្រីនគរបាលជាតិ ហើយត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំតាមឋានានុក្រមភ្លាមៗ លោកអធិការបានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលគ្រប់អង្គភាពត្រូវ ស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ សមរម្យ គ្រប់គ្រាន់ ដើម្បីបង្ហាញភាពមានវិន័យ និងកិត្តិយសនៃមន្ត្រីនគរបាលជាតិ៕















