
ខេត្តត្បូងឃ្មុំ ៖ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ
ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានចាត់ លោកឧត្តមសេនីយ៍ត្រី ឈឿន ឆាយ ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ ដឹកនាំកម្លាំងនគរបាល ចុះអនុវត្តយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីពិនិត្យ និងសម្រួលចរាចរណ៍ជុំវិញតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ។ ប្រតិបត្តិការនេះមានគោលដៅដើមី្បធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ការដាក់ពង្រាយកម្លាំងនគរបាលតាមគោលដៅសំខាន់ៗនេះ គឺមិនមែនដើម្បីផាកពិន័យទេ។ គោលបំណងសំខាន់គឺដើម្បី បញ្ចៀសរថយន្តធុនធ្ងន់ ប្រភេទរថយន្តធំៗ មិនឲ្យចូលទៅក្នុងតំបន់រដ្ឋបាលខេត្ត ដែលនេះ គឺដើម្បីធានានូវការថែរក្សាការពារ និងការប្រើប្រាស់ផ្លូវក្នុងតំបន់រដ្ឋបាលខេត្ត បានយូរអង្វែង រួមទាំងរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសម្រួលដល់ការធ្វើចរាចរណ៍ក្នុងតំបន់រដ្ខបាលខេត្ត។
ក្នុងនោះ ស្នងការដ្ឋាននគរបាលខេត្ត ក៏បានបង្ហាញពីការបែងចែកគោលដៅ និងកម្លាំង មានចំនួន ៣ គោលដៅសំខាន់ៗ ដូចជា គោលដៅ៖
១. រង្វង់មូលផ្លូវ ៧១C គោលដៅ
២. ផ្លូវភ្លោះ ខាងក្រោយសាកលវិទ្យាល័យសម្ដេច ហេង សំរិន និង គោលដៅទី
៣. ផ្លូវភ្លោះ ខាងកើតសណ្ឋាគារ P&T។
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមធ្វើការអំពាវនាវដល់សាធារណជន ជាពិសេសម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន អ្នកបើករថយន្តប្រភេទធុនធ្ងន់ និងរថយន្តធំៗដឹកទំនិញទាំងអស់ មេត្តាយោគយល់ និងចូលរួមសហការ ដោយមិនបើកបរតាមដងផ្លូវចូលក្នុងតំបន់រដ្ឋបាលខេត្ត។ ផ្ទុយទៅវិញ សូមប្រើប្រាស់ផ្លូវវាងក្រុងជំនួសវិញ ដើម្បីរួមចំណែកដល់ការរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ និងថែទាំផ្លូវក្នុងខេត្តត្បូងឃ្មុំ ដើម្បីប្រើប្រាស់បានយូរអង្វែង៕













