
ខេត្តកំពង់ចាម:នៅព្រឹកថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលសំបួរ និងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ អញ្ជើញដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ និងនាំយកថវិកា គ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋពល ចំនួន១៤គ្រួសារ ដែលជួបការលំបាក ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ក្នុងនោះរួមមាន ភូមិល្វា១ ចំនួន ០៣គ្រួសារ, ភូមិល្វា២ ចំនួន ០៣គ្រួសារ, ភូមិគីឡូ៧ ចំនួន ០៥គ្រួសារ និងភូមិអារក្សត្នោត ចំនួន០៣គ្រួសារ និងបានឧបត្ថម្ភការទិញលូបង្ហូរទឹក សម្រាប់រៀបចំប្រព័ន្ធរំដោះទឹក កុំឱ្យរងការប៉ះពាល់ដល់ផ្លូវធ្វើដំណើររបស់បងប្អូន។
ជាមួយគ្នានេះ លោក ហេង វុទ្ធី ក៏បានណែនាំឱ្យកម្លាំងថ្នាក់មូលដ្ឋាន បន្ដខិតខំ ចុះសួរសុខទុក្ខ និងពិនិត្យលើការរស់នៅជាក់ស្ដែងរបស់បងប្អូន ដើម្បីបន្ដដោះស្រាយការលំបាកជូនពួកគាត់ និងបន្ដខិតខំប្រឹង និងជំរុញ ការផ្ដល់សេវាសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវការឆ្លើយតបយ៉ាងឆាប់រហ័សបំផុត ៕




















