
(កំពង់ចាម): នៅរសៀលថ្ងៃសៅរ៍ ទី៦ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំ បំពាក់បំប៉ននយោបាយ ជូនមន្ត្រីគណបក្សមូលដ្ឋាន ក្នុងស្រុកកំពង់សៀម ស្ថិតនៅទីស្នាក់ការគណបក្សស្រុក ដោយមានការចូលរួមពី សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត, គណៈអចិន្ត្រៃយ៍គណបក្សមូលដ្ឋានស្រុក និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម គណៈកម្មាធិការបក្សខេត្តកំពង់ចាម បានថ្លែងថា ចំណេះដឹងពីវគ្គអប់រំ បំពាក់បំប៉ននាថ្ងៃនេះ គឺជាប្រទីបបំភ្លឺផ្លូវនាំយើងឲ្យអនុវត្តបានត្រឹមត្រូវតាមលក្ខន្តិកៈ កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ សេចក្ដីសម្រេចនានារបស់គណបក្ស និងច្បាប់របស់រដ្ឋប្រកបដោយជោគជ័យ។ លើមូលដ្ឋាននេះ យើងនឹងពង្រឹងបាននូវគោលជំហរនយោបាយ គោលជំហរសតិអារម្មណ៍ និងគោលជំហរចាត់តាំងរបស់យើងម្នាក់ៗ ដែលជាសំណូមពរចាំបាច់នៃការងារកសាង និងពង្រឹងគណបក្ស។
ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថា៖ ការបើកវគ្គអប់រំ បំពាក់បំប៉ននាពេលនេះ គឺជាកត្តាចាំបាច់បំផុត សម្រាប់មន្ត្រីគណបក្សមូលដ្ឋានគ្រប់រូប គ្រប់ថ្នាក់យកទៅបន្តអនុវត្ត និងកសាងខ្លួន បន្តធ្វើនូវអំពើល្អ ដោយប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ ដើម្បីឲ្យសក្ដិសមជាមន្ត្រីគណក្ស ដែលមានតួនាទីបំរើនូវសេវាផ្សេងៗតាមអង្គភាពរដ្ឋ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងដើម្បីជាការឆ្លើយតបទៅនឹងទិសដៅរបស់គណបក្ស និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
















