
(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ចូលរួមគាំទ្រដល់វីរកងទ័ពជួរមុខរបស់កម្ពុជា ដែលកំពុងប្រយុទ្ធទប់ទល់ពីការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជាយើង។ ការរថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅសាលប្រជុំសាលាខេត្ត។ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ចំពោះការចូលរួមជួយគាំទ្រនេះដែរ រដ្ឋបាលខេត្តកំពង់ចាម នឹងចេញសេចក្ដីអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ សិប្បករ វិនិយោគិន អាជីវករ សាធារណជន និង បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ដើម្បីចូលរួមគាំទ្រដល់កងទ័ពជួរមុខទាំងស្មារតី និងឧបត្ថម្ភជាថវិកា ជាសម្ភារប្រើប្រាស់ ផ្សេងៗ ដើម្បីបង្ហាញពីការចូលរួមក្នុងស្មារតីស្នេហាជាតិ និងសូមចូលរួមគាំទ្រយ៉ាងក្លៀវក្លា ចំពោះការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។គួររំលឹកថា នាអំឡុងខែ កក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បាននាំយកនូវអំណោយនូវថវិកា, គ្រឿងឧបភោគបរិភោគ, ថ្នាំពេទ និងរបស់របរប្រើប្រាស់មួយចំនួន របស់រដ្ឋបាលខេត្ត រួមនឹងសប្បុរសជន ទៅឧបត្ថម្ភដល់វីរៈកងទ័ព និងជនភាសឹក នៅឯខេត្តព្រះវិហារ និងឧត្តរមានជ័យ ផងដែរ៕








