
ពោធិ៍សាត់ ៖ ដោយតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំគណៈស្នងការ អមដំណើរគណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំលោកជំទាវ ឧត្តមសេនីយ៍ឯក លឹម សុវណ្ណា អនុប្រធានសេនាធិការដ្ឋាន និងលោកឧត្តមសេនីយ៍ទោ លី វ៉ាន់ឌី ប្រធាននាយកដ្ឋានគោលនយោបាយ នៃអគ្គនាយកដ្ឋានធនធានមនុស្ស ព្រមទាំង ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់កងកម្លាំងនគរបាលជាតិ នៃវរសេនាតូចការពារព្រំដែនគោកលេខ៨២៥ ដែលបានរងរបួសក្នុងពេលបំពេញបេសកកម្មយ៉ាងក្លាហានការពារបូរណភាពទឹកដី និងសន្តិសុខជាតិ។
ការចុះសួរសុខទុក្ខនេះ សម្តែងនូវការយកចិត្តទុកដាក់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងទាំងអស់ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិ។ ការព្យាបាល និងតាមដានពីស្ថានភាពសុខភាព និងផ្តល់ជំនួយជាសម្ភារៈ និងថវិកា ដើម្បីជួយសម្រាលការលំបាកនាពេលនេះសរបញ្ជាក់ពីស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះសុខទុក្ខរបស់កងកម្លាំងដែលឈរជើងប្រចាំការនៅតំបន់ព្រំដែន។
លោកជំទាវ ឧត្តមសេនីយ៍ឯក និងលោកស្នងការ ក៏បានប្រគល់នូវថវិកាឧបត្ថម្ភជូនកងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨២៥ ចំនួន៣រូប ក្នុងនោះរបួសធ្ងន់១រូប និងស្រាល២រូប
អ្នករងរបួសធ្ងន់ទទួលបានថវិការបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន១០លានរៀល ថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ចំនួន៣លានរៀល ថវិការបស់លោកឧត្តមសេនីយ៍ទោ ស្នងការ ចំនួន ២០ម៉ឺនរៀល និងសម្ភារៈមួយចំនួន។ អ្នករងរបួសស្រាល ២នាក់ ទទួលបានថវិការបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន៥លានរៀល ថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិចំនួន២លានរៀល ថវិការបស់លោកឧត្តមសេនីយ៍ទោស្នងការ ចំនួន ២០ម៉ឺនរៀល និងសម្ភារៈមួយចំនួនផងដែរ ។
ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត បានប្រគល់ថវិកាឧបត្ថម្ភ ដល់កម្លាំងនគរបាលរងរបួសទាំង៣រូប និងទាហានរងរបួស១រូប ដោយក្នុងមួយរូប ទទួលបានថវិកាចំនួន៥០ម៉ឺនរៀល និងសម្ភារៈមួយចំនួន ៕


















