
(ខេត្តកំពង់ចាម)៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិតាប៉ាង៤ ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញដោយមានការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀនដឹកនាំបញ្ជាកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកចំការលើ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យ៣នាក់។
ដកហូតវត្ថុតាងសរុបរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ៣កញ្ចប់ និងទូរសព្ទដៃចំនួន ៣គ្រឿង ។
ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី ។

