
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតី នៅក្នុងពិធីប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់ សម្រាប់ការប្រឡងប្រណាំងផ្ទៃក្នុង «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ខេត្តកណ្តាល ឆ្នាំ២០២៥ រសៀលថ្ងៃទី២៨ ខែកមរា ឆ្នាំ២០២៦។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ សំរាមដែលបង្កឡើងដោយមនុស្ស រួមមានសំរាមរឹង សំរាមស្ងួត សំរាមបង្កហានិភ័យ សំរាមមានវិទ្យុសកម្ម និងសំរាមផ្សេងៗទៀត ដូច្នេះមន្ត្រីគ្រប់លំដាប់ថ្នាក់ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ និងមន្ត្រីបរិស្ថាន ត្រូវខិតខំពន្យល់ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋរបស់យើងបានយល់ដឹង ពីផលប៉ះពាល់ផ្នែកសុខភាព ប៉ះពាល់អនាម័យបរិស្ថាន ហើយប្រសិនបើអ្នកបង្កើតសំរាមចេះទុកដាក់សំរាមបានត្រឹមត្រូវ វាមិនប៉ះពាល់ដល់ការរស់នៅ ធ្វើឲ្យបរិយាកាសល្អ សុខភាពល្អ និងធ្វើឲ្យយើងទាំងអស់គ្នាមានអាយុវែង។
ក្នុងពិធីនេះដែរឯកឧត្ដមអភិបាលខេត្ត បានអបអរសារទចំពោះឃុំ-សង្កាត់ ជាប់ជ័យលាភី«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថានខេត្តកណ្តាល ឆ្នាំ២០២៥ និងបានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ទីរ-អង្គភាព គណៈអភិបាលក្រុង-ស្រុក ឃុំ-សង្កាត់ មេភូមិ ព្រមទាំងក្រុមហ៊ុនប្រមូលសំរាម និងគ្រប់អង្គការសង្គមស៊ីវិល ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»ជាពិសេស ក្នុងវិស័យបរិស្ថាន ដោយផ្អែកលើលក្ខណៈសម្បត្តិទី៦គឺ «មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ» ។
ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់ មន្ត្រីរាជការ នៃមន្ទីរបរិស្ថាន រដ្ឋបាលក្រុង-ស្រុក ព្រមទាំងមេឃុំ-ចៅសង្កាត់ មេភូមិ ត្រូវបន្តយកចិត្តទុកដាក់ បន្តគាំទ្រ ដល់ឃុំ-សង្កាត់ជ័យលាភីទាំងអស់ឱ្យបានល្អ ដើម្បីត្រៀមលក្ខណៈបានពេញលេញ ក្នុងការចូលរួមកម្មវិធីប្រឡងប្រណាំងថ្នាក់ជាតិ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»វិស័យបរិស្ថាន ឆ្នាំ២០២៦ ដែលរៀបចំដោយក្រសួងបរិស្ថាន នាពេលខាងមុខ។ បន្តធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន”ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (ភាពស្អាត បៃតង និងចីរភាព)។ បន្តដឹកនាំអនុវត្តយុទ្ធនាការ “សហគមន៍ស្អាត និងបៃតង” តាមរយៈការដាំដើមឈើ ដាំផ្កានៅតាមដងផ្លូវ ដើម្បីលើកកម្ពស់សោភណភាព និងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក ពៅ សោមម៉ាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បានឲ្យដឹងថា៖ លក្ខណៈសម្បត្តិសម្រាប់ការប្រឡងប្រណាំងរដ្ឋបាលឃុំ-សង្កាត់នីមួយៗ ផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៣ គឺ មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ ក្នុងនោះមានសូចនាករចំនួន១០ គឺ ទី១-គ្មានសំណល់រឹង (សំរាម) ទី២-គ្មាន សំណល់រាវ (ទឹកកខ្វក់) ទី៣-មានទឹកស្អាតប្រើប្រាស់ ទី៤-មានបង្គន់អនាម័យ ទី៥-មានរុក្ខជាតិ (ដើមឈើ) ទី៦-មានការតុបតែងលម្អ ទី៧-មានទេសភាពស្អាត ទី៨-ទទួលការអប់រំ និងផ្សព្វផ្សាយ ទី៩-ចូលរួមការពារ ធនធានធម្មជាតិ ទី១០-ចូលរួមអភិវឌ្ឍន៍សហគមន៍ និងមធ្យោបាយផ្ទៀងផ្ទាត់ចំនួន ៩១ ចំណុច។
សូមបញ្ជាក់ផងដែរថា៖ ភូមិ-ឃុំ-សង្កាត់ ដែលឈ្នះការប្រកួតប្រជែងក្នុងកម្មវិធីប្រឡងប្រណាំងថ្នាក់ខេត្ត ស្តីពី “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថានខេត្តកណ្តាល៖
ភូមិជ័យលាភីគឺ៖
ជ័យលាភីលេខ១ គឺ ភូមិសង្វរ នៃស្រុកពញាឮ
ជ័យលាភីលេខ២ គឺ ភូមិដំណាក់អំពិល នៃស្រុកអង្គស្នួល
ជ័យលាភីលេខ៣ គឺ ភូមិព្រែកក្របៅទី៣ នៃក្រុងអរិយក្សត្រ
ជ័យលាភីលេខ៤ គឺ ភូមិកោះរកា នៃស្រុកមុខកំពូល
ជ័យលាភីលេខ៥ គឺ ភូមិសិត្បូ នៃក្រុងតាខ្មៅ
ឃុំ-សង្កាត់ជ័យលាភី គឺ
ជ័យលាភីលេខ១ គឺ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ
ជ័យលាភីលេខ២ គឺ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ
ជ័យលាភីលេខ៣ គឺ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល
ជ័យលាភីលេខ៤ គឺ សង្កាត់សំពៅពូន ក្រុងសំពៅពូន
ជ័យលាភីលេខ៥ គឺ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។










