
ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យឯកឧត្តម ហាក់ សុខមករា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំប្រតិភូ១ក្រុម ចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅឧបត្ថម្ភជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសាររន្ទះបាញ់ស្លាប់ ១នាក់ ជនរងគ្រោះឈ្មោះ សន សុន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរនេសាទ មានសមាជិករស់នៅក្នុងបន្ទុក ចំនួន ៥នាក់ ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ហាក់ សុខមករា ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារដែលបានបាត់បង់នូវសមាជិកជាទីស្រឡាញ់។ ឯកឧត្តមបានបញ្ជាក់ថា ទោះបីអំណោយដែលបានឧបត្ថម្ភជូននាឱកាសនេះ មានលក្ខណៈតិចតួចស្តួចស្តើងក៏ពិតមែន ប៉ុន្តែវាជាកាយវិការដ៏ល្អដែលបង្ហាញពីការចូលរួមចំណែករំលែកនូវទុក្ខលំបាករបស់គ្រួសាររងគ្រោះបានមួយកម្រិតផងដែរ ដោយពុំមានការប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះផងដែរឯកឧត្តមក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយនឹងក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងដល់គុណព្រះរតនត្រៃទាំងបី ជួយឱ្យដួងវិញ្ញាណក្ខន្ធសពលោក សន សុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
អំណោយមនុស្សធម៌ ដែលប្រតិភូសាខាបានឧបត្ថម្ភជូនគ្រួសារសពរួមមាន៖ អង្ករ ៥០ គីឡូក្រាម ,មី ២កេស ,ទឹកសុទ្ធ ២កេស ត្រីខ ២យួរ ,ទឹកស៊ីអុីវ ១យួរ ,ទឹកត្រី ១យួរ និងថវិកាចំនួន ១,០០០,០០០រៀល៕









