
(កំពង់ចាម): នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលេីកទិសដៅអនុវត្តបន្ត និងផ្សព្វផ្សាយ បទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ស្ថិតនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្ដែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់យ៉ាងធំធេង ក្នុងការបំពេញភារកិច្ចរបស់ថ្នាក់ដឹកយើង ដែលបានរួមគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដោយធានាបាននូវប្រសិទ្ធភាពការងារ ទទួលបានលទ្ធផលល្អប្រសើរ ក្នុងរយៈពេល ៦ ខែកន្លងមកនេះ ដែលមានសកម្មភាពជាច្រើន យើងទទួលបានជោគជ័យ ដោយគិតផ្ដើមចេញពីពេលពិធីបុណ្យឆ្លងឆ្នាំសាកល រហូតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រួមទាំងការរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ ក្នុងពិធីបុណ្យធំៗជាបន្តបន្ទាប់ ជាពិសេសគឺបានទទួលការផ្ដល់ទំនុកចិត្តពីប្រជាពលរដ្ឋ មកលើអាជ្ញាធរ និងសមត្ថកិច្ចយើង ក្នុងការរក្សាបាន នូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ នៅក្នុងសហគមន៍។
ទន្ទឹមនឹងជោគជ័យនេះ ឯកឧត្តមអភិបាលខេត្ត ដ៏បានស្នើឱ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំណុះឲ្យគណៈបញ្ជាការឯកភាពខេត្ត ដំដៅធ្វើយ៉ាងណា ពង្រឹងប្រសិទ្ធភាពការងារ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រួមនឹងការបង្រា្កបនូវរាល់បទល្មើសទាំងឡាយ ដូចជាក្មេងទំនើង, គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យដូចជាភ្លៀងរលឹម ដើម្បី រក្សាបាននូវសុខសណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ប្រជាជន។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះថា ខេត្តកំពង់ចាម ស្ថិតនៅជាប់ដងទន្លេមេគង្គ ដូច្នេះឲ្យតែដល់រដូវវស្សា គឺអាជ្ញាធរតែងតែមានការព្រួយបារម្ភ ដោយសារទឹកជំនន់ទន្លេមេគង្គនេះតែម្ដង ជាពិសេស ឆ្នាំ ២០២៥ នេះ ទឹកទន្លេមេគង្គបានហក់ឡើងយ៉ាងគំហ៊ុកខ្ពស់ជាងឆ្នាំមុន ។ ក្នុងនាមអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវតែចុះពិនិត្យជាប្រចាំនូវតំបន់ងាយរងគ្រោះ រាប់ចេញពីស្រុកស្ទឹងត្រង់ រហូតដល់ស្រុកកងមាស-ស្រុកស្រីសន្ធរ ដែលជាមុខសញ្ញាត្រូវសង្គ្រោះ ដោយត្រូវណែនាំពួកគាត់ឱ្យមានការត្រៀមបង្ការ រកទីទួលមានសុវត្ថិភាព ដែលអាចឲ្យប្រជាពលរដ្ឋយើងផ្លាស់ប្ដូរមករស់នៅបណ្ដោះអាសន្នបាន និងត្រូវរៀបចំបម្រុងស្បៀងអាហារ ថ្នាំសង្កូវ ដើម្បីសង្គ្រោះ ដូចជាការប្រើប្រាស់កម្លាំង និងក្រុមឆ្លើយតប ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ក្នុងករណីដែលមានការទំនាក់ទំនងមក៕














