
នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាំយកអំណោយ ជូនជនភៀសសឹក ចំនួន៣០គ្រួសារ ស្មើនឹង ១០៣នាក់ ដែលបានជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ មកស្នាក់នៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម។
នាឱកាសនោះអភិបាលខេត្ត ណែនាំដល់ជនភៀសសឹកទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អ ក្នុងករណីមានបញ្ហាឈឺស្កាត់ ឬត្រូវការសេវាពិនិត្យសុខភាពអាចទាក់ទងក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានដែលប្រចាំការ នឹងចាំជួយបងប្អូនគ្រប់ពេល។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ជនភៀសសឹកទាំងអស់ដែលមានកូនកំពុងសិក្សារៀនសូត្រ អាចយកទៅផ្ញើសាលារៀនដែលនៅជិតមូលដ្ឋានរបស់បងប្អូនស្នាក់នៅ ដើម្បីបន្តការសិក្សាជាបណ្ដោះអាសន្ន រហូតដល់ពេលការប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃនៅតាមបន្ទាត់ព្រំដែនត្រូវបានបញ្ចប់។
ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថាការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក។
សូមបញ្ជាក់ផងដែរថា អំណោយ ដែលឯកឧត្តម អ៊ុន ចាន់ដា នាំយកទៅជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកជើងព្រៃ រួមមាន ៖ អង្គរ ចំនួន ១៥០ គីឡូក្រាម មីខ្លាឃ្មុំ ៥កេស ត្រីខ ៥យួរ ទឹកត្រី ៥យូរ ទឹកស៊ីអ៊ីវ ៥យូរ ទឹកសុទ្ធ ១០កេស ត្រីងៀត ១០គីឡូក្រាម ដើម្បីយកទៅដោះស្រាយជីវភាពក្នុងរយះពេលខ្លី៕










