
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ដាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានថ្លែងការកោតសរសើរនូវសកម្មភាពការងារសប្បុរសធម៍ របស់សមាគម ប៉ាយសួយឡាយយិន កម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមគ្រូពេទ្យអង្គការមូលនិធិរ៉ូថារីកម្ពុជា ដោយបានសម្របសម្រួលដឹកនាំក្រុមគ្រូពេទ្យសមាគមសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជា ចុះមក ពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ រស់នៅក្នុងស្រុកកំពង់សៀម ប្រមាណ៣.០០០នាក់ រយៈពេលពីរថ្ងៃ ដោយឥតគិតថ្លៃ ស្ថិតនៅក្នុងបរិវេន វិទ្យាល័យជួន ណាត ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា ចាត់ទុកកម្មវិធីនេះ ជាកាយវិការមនុស្សធម៌ដ៏ល្អប្រពៃ ក្នុងនាមខ្មែរជួយខ្មែរ និងជាសិល្បៈចែករំលែកដ៏ល្អប្រពៃ។ ក្នុងនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែទាំសុខភាពអោយបានល្អ ព្រោះសុខភាពល្អជាទ្រព្យមហាសាលមិនអាចកាត់ថ្លៃបាន។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពដល់ក្រុមគ្រូពេទ្យស្មគ្រចិត្ត សូមអោយបន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលក្រោយក្រោយទៀត សំដៅលើកកម្ពស់សុខមាលភាព ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគិតបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕










