
ព្រឹកថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ប្រចាំខែសីហា ស្ថិតនៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត, កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាលសាលាខេត្ត, មន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បានថ្លែងការកោតសរសើ ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ ដែលបានអនុវត្ដនូវគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នាឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កន្លងទៅនាពេលថ្មីៗ រួមនិងពិធីធំៗ ផ្សេងទៀត។
ឯកឧត្តម អភិបាលខេត្ត សូមស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីគ្រប់រូប បន្តចូលរួម ពង្រឹង និងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យដូចភ្លៀងរលឹម ដើម្បីរក្សាបាននូវសុខសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាជន។
ទន្ទឹមនឹងការកោតសរសើរ ឯកឧត្តម អភិបាលខេត្ត ក៏បានព្រមានចាត់វិធានការចំពោះអាជីវករណាដែលតែងតែដំឡើងថ្លៃក្នុងការលក់ដូរតាមរមណីយដ្ឋាននានា ជាពិសេសនៅថ្ងៃឈប់សម្រាក និងពេលមានពិធីបុណ្យជាតិជាដើម។ ថ្លែងបែបនេះនាឱកាស ឯកឧត្តមអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
ឯកឧត្តម ថ្លែងបន្តថា រឿងដែលកើតឡើងដដែលៗដោយសារការដំឡើងតម្លៃក្នុងការលក់ដូរនាឱកាសបុណ្យជាតិ នៅតាមរមណីដ្ឋាននានា ក្នុងខេត្តកំពង់ចាម ជាពិសេសគឺនៅរមណីដ្ឋានទឹកឆាតែម្ដង។ គឺមានអាជីវករ តាមតូបលក់ដូរមួយចំនួនតូច នៅតែដំឡើងថ្លៃទំនិញ និងម្ហូបអាហារ នៅថ្ងៃមានពិធីបុណ្យជាតិ បើទោះបីមានការណែនាំជាច្រើនលើកច្រើនសារក៏ដោយ។
ឯកឧត្តមអភិបាលខេត្តបានបន្ដថា ចំពោះបញ្ហានេះសូមណែនាំដល់មន្ទីរទេសចរណ៍ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តណែនាំ និងឲ្យក្រុមការងារចុះទៅតាមដានជាប្រចាំ គ្រប់រមណីយដ្ឋានទាំងអស់ក្នុងខេត្តកំពង់ចាម ដើម្បីដឹងថាការលក់ដូររបស់គាត់មានតម្លៃសមរម្យទៅតាមមុខទំនិញ មិនលក់ឡើងថ្លៃហួសហេតុពេក និងគោរពទៅតាមការណែនាំរបស់មន្ត្រីជំនាញ។
លើសពីនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបន្ថែមថា ក្នុងករណីណែនាំរួចហើយនៅតែមិនស្ដាប់ គឺត្រូវបណ្ដេញចេញ មិនអនុញ្ញាតឲ្យប្រកបអាជីវកម្មលក់ដូរនៅក្នុងបរិវេណរមណីយដ្ឋាននោះទៀតឡើយ ។ ព្រោះថាទង្វើបែបនេះគឺធ្វើឲ្យបាត់បង់នូវភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលអញ្ជើញមកលេងកំសាន្ត នៅរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម និងប៉ះពាល់ដល់កិត្តិយស មុខមាត់ខេត្តរបស់យើងទាំងមូលផងដែរ៕








