
ក្រគរ៖ថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលស្រុកក្រគរ បានរៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ឡុង អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី លោកវរសេនីយ៍ឯក មោក ភារម្យ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ និងក្រុមការងារប្រតិភូពីនាយកដ្ឋានសវនកម្មផ្ទៃក្នុង លោក លោកស្រីអធិការរង លោក លោកស្រីនាយផ្នែក នាយរងផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ ។
មតិលោកវរសេនីយ៍ឯក មោក ភារម្យ បានលើកឡើងនៅចំណាប់អារម្មណ៍និងឯកភាពស្របតាម អនុសាសន៍របស់ក្រុមការងារសវនកម្មផ្ទៃក្នុង និងថ្លែងអំណរគុណលើការសម្របសម្រួល កែលម្អបំពេញបន្ថែមនូវចំណុចខ្វះខាតរបស់ផែនការងារជំនាញ និងប្តេជ្ញាខិតខំជំរុញ និងពង្រឹងការងារស្នូលបន្ថែមទៀតគឺ ចលនាភេវរកម្ម បង្ក្រាបបទល្មើសគ្រប់ ប្រភេទ ពិសេសគ្រឿងញៀន អប់រំមុខសញ្ញាគ្រឿងញៀន ដើម្បីឆ្លើយតបទៅនិងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅមានហានិភ័យទាបជាងនេះបន្តទៀតជូនដល់ប្រជាពលរដ្ឋនិងសង្គមជាតិ វាទាមទារឲ្យកម្លាំងនគរបាលគ្រប់ឋានានុក្រម ត្រូវបង្កើតស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះភារកិច្ច និងមានគុណភាពល្អក្នុងការបម្រើប្រជាពលរដ្ឋ នេះគឺជាវិញ្ញាសារដ៏ សំខាន់សម្រាប់អនុវត្តបន្តនៅខែខាងមុខនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនជាតិមាតុភូមិ និង ប្រជាពលរដ្ឋ ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់។
មតិឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ឡុង បានកោតសរសើរ ដល់ក្រុមការងារសវនកម្មផ្ទៃក្នុង ដែលបានបំពេញភារកិច្ចយ៉ាងម៉ត់ចត់ ត្រឹមត្រូវនិងស្របតាមបច្ចេកទេស សម្របសម្រួលជាមួយមន្ត្រីនគរបាលតាមបណ្ដាក្រុង ស្រុក ដើម្បីធានាបាននូវលទ្ធផលឆ្លុះបញ្ចាំងភាពត្រឹមត្រូវ និងប្រកបដោយភាពថ្លៃថ្នូរ។ ឯកឧត្ដម បានបន្ថែមថា លទ្ធផលសវនកម្មនេះ ជាឯកសារសំខាន់សម្រាប់ជួយអភិវឌ្ឍន៍ប្រព័ន្ធរដ្ឋបាល និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អធិការដ្ឋានឱ្យកាន់តែប្រសើរឡើង ជាពិសេសការពង្រឹងវិន័យថវិកាការគ្រប់គ្រងឯកសារហិរញ្ញវត្ថុ និងការរក្សាការងារឱ្យមានភាពច្បាស់លាស់ គឺជាគោលដៅចម្បងក្នុងការបំពេញតួនាទីជាមន្រ្តីនគរបាលដែលមានទំនួលខុសត្រូវ ឯកឧត្តម ក៏បានជំរុញឱ្យក្រុមការងារសវនកម្ម និងលោកអធិការ លោក លោកស្រីអធិការរង លោក លោកស្រីនាយផ្នែក នាយរងផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ ប្រើប្រាស់លទ្ធផលសវនកម្ម ជាឯកសារណែនាំដើម្បីកែលម្អការងារ ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធរដ្ឋបាល និងបង្កើនទំនុកចិត្តរបស់សាធារណជនចំពោះកម្លាំងនគរបាលជាតិ ។














