
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទឆ្នាំ២០២៤ និងបណ្ដាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ។
នាក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញរាយការណ៍ជូន ឯកឧត្តម អគ្គនាយក អំពីសភាពការណ៍ និងលទ្ធផលសំខាន់ៗ ដែលសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមសម្រេចបាន ក្នុងរយៈពេលកន្លងមក ដែលត្រូវបានផ្តោតសំខាន់ លើការពង្រឹងអភិបាលកិច្ចល្អ សុចរិតភាព នៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាពទាំងនៅស្នងការដ្ឋាន អធិការដ្ឋាន និងប៉ុស្ដិ៍នគរបាលរដ្ឋបាល ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួនជាប្រចាំ និងត្រូវបានបង្កើនល្បឿន ប្រកបដោយប្រសិទ្ធភាព ក្នុងការអនុវត្តការងារជំនាញ ស្របតាមផែនការសកម្មភាព នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង, លោកឧត្តមសេនីយ៍ទោស្នងការ, លោកឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូអមដំណើរ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លោក លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ លោកនាយរងការិយាល័យ ទទួលការងាររដ្ឋបាលសរុប លោកអធិការ អធិការរងនគរបាលក្រុង-ស្រុក ទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ទាំង១០៩ ៕












