
ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងខែតុលាកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរ ជាពិសេស ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជុំវិញខេត្តបានចូលរួមយ៉ាងសកម្មក្នុងការឆ្លើយតប និងដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៤ នៅក្នុងស្រុកកៀនស្វាយ និងស្រុកកណ្ដាលស្ទឹងកាលពីពេលថ្មីៗនេះ។
ការកោតសរសើរនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត ដែលមានរបៀបវារៈសំខាន់ៗចំនួន៨ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជំុំវិញមកខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម នូ សាខន បានមានប្រសាសន៍ថា ក្រុមប្រឹក្សាខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់បានចំនួន ២ស្រុករួចហើយ នៅសល់១១ក្រុង-ស្រុកទៀត ដូច្នេះក្រុមការងារ មន្ទីរអង្គភាពពាក់ព័ន្ធត្រូវត្រៀមខ្លួនក្នុងការរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដែលនឹងរៀបចំធ្វើឡើងនៅតាមបណ្ដាក្រុង-ស្រុកផ្សេងទៀតតាមការគ្រោងទុក ឱ្យប្រព្រឹត្តទៅទទួលបានលទ្ធផលល្អប្រសើរ អាចដោះស្រាយ និងឆ្លើយតបចំពោះសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
កិច្ចប្រជុំនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះក្រុមប្រឹក្សាខេត្ត ដែលបានអនុម័តទៅលើគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ បានរួចរាល់។ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថាចំពោះគម្រោងទាំងឡាយណាដែលមិនទាន់ទទួលបានការគាំទ្រសូមមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកត្រូវដាក់បញ្ចូលក្នុងផែនការវិនិយោគបីឆ្នាំរំកិល ដើម្បីអាចទទួលបានការគាំទ្រនៅពេលខាងមុខទៀត ពីព្រោះគម្រោងទាំងនេះក៏ជាតម្រូវការអាទិភាពរបស់ប្រជាពលរដ្ឋផងដែរ។
សូមជម្រាបផងដែរថា ក្នុងកិច្ចប្រជុំនេះក្រុមប្រឹក្សាខេត្តបានធ្វើការអនុម័តទៅលើគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ ២០២៦ សរុបចំនួន ៣២ គម្រោង។













