
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីជំនាញ និងមន្ត្រីគយនៅតាមតំបន់ព្រំដែន ត្រូវយកចិត្តទុកដាក់សម្របសម្រួល ដល់ភាពងាយស្រួល ក្នុងការដឹកកសិផលកសិកម្ម ពិសេសស្រូវឱ្យបានកាន់តែច្រើន នៅតាមផ្លូវជាតិលេខ 21b ធ្វើយ៉ាងណាកុំឱ្យតម្លៃដឹកជញ្ជូនមានតម្លៃថ្លៃ ធ្វើឱ្យប៉ះពាល់តម្លៃកសិផលរបស់ប្រជាកសិកររបស់យើង
ការណែនាំនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន១១ ភូមិ សរុបចំនួន ៨០៣០ បណ្ណ ស្ថិតនៅភូមិក្បាលកោះ ភូមិឈើខ្មៅ ភូមិចុងកោះ ភូមិត្រពាំងជ្រៃ ភូមិត្រើយកោះ ភូមិក្បាលជ្រោយ ភូមិកោះតូច ភូមិចុងខ្សាច់ ភូមិធំភូមិថ្មី ភូមិទួលស្វាយ សង្កាត់ឈើខ្មៅ ខេត្តកណ្តាល នៅបរិវេណវត្តត្រពាំងokជ្រៃ ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានបញ្ជក់បន្ថែមថា៖ ការសម្រួលការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ គឺពិតជាបានរួមចំណែកក្នុងការលើកស្ទួយតម្លៃកសិផលរបស់ប្រជាកសិករ នៅក្នុងខេត្តកណ្ដាល ក៏ដូចជាទូទាំងប្រទេសដែលឆ្លងកាត់នៅតាមតំបន់នេះ។


