
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ អញ្ជើញប្រកាសផ្ទេរ និងចូលកាន់តំណែង ប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅបរិវេណសាលាដំបូងខេត្ត ។
ក្នុងនេះក៏មានការចូលរួមពី រដ្ឋលេខាធិកា អនុរដ្ឋលេខាធិកា សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តមតំណាងប្រធានក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្រ្តីរាជការអង្គភាព ជុំវិញខេត្ត។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណដល់ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ និង ឯកឧត្តម សួស ឡា ដែលបានបំពេញតួនាទី ភារកិច្ច មានកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្រប់ផ្នែកមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅខេត្តកំពង់ចាម លើក្របខណ្ឌកិច្ចការតុលាការ និងយុត្តិ ធម៌សង្គម។ ឯកឧត្តមអភិបាលខេត្ត សង្ឃឹមជឿជាក់ថា សាលាដំបូងខេត្តកំពង់ចាម នឹងយកចិត្តទុកដាក់បំពេញការ ងារតាមសមត្ថកិច្ចជំនាញ និងវិជ្ជាជីវៈ ក្រមសីលធម៌ការងាររបស់ខ្លួនឲ្យទទួលបានជោគជ័យតាមបំណង ប្រាថ្នារបស់ស្ថាប័ន និងបានផ្តល់ និងបានផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ បានល្អប្រសើរជាក់ជាពុំខាន។
នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពន្លឿនការដោះស្រាយសំណុំរឿង និងភាពមិនប្រក្រតីតាមតុលាការ។
ឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាព និងយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សុច្ចរិតភាព ដោយត្រូវប្រកាន់ភ្ជាប់នូវអនាគតិធម៌ទាំង៤ និងសុគតិធម៌ទាំង៥ នៅពេលជំនុំជម្រះក្តី និងអភិក្រមដ៏ថ្លៃថ្លាទាំង៥ ដើម្បីឲ្យការកែទម្រង់វិស័យយុត្តិធម៌ទទួលបានជោគជ័យ។
គូសបញ្ជាក់ថា ឯកឧត្ដម កោ វណ្ឌី ផ្ទេរមុខតំណែងពីប្រធានសាលាដំបូងខេត្តព្រះសីហនុ មកជាប្រធានសាលាដំបូងខេត្តកំពង់ចាម និងឯកឧត្ដម កែវ សុជាតិ ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង មកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕















