
ពោធិ៍សាត់ ៖ ដោយមានអនុសាសន៍ចង្អុលការ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឲ្យស្នងការដ្ឋាននគរបាលខេត្ត រៀបចំសាងសង់សំណង់រឹងមាំសមល្មម សម្រាប់កងកម្លាំង មានស្នាក់ការ បម្រើការងារប្រចាំថ្ងៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាល បានដឹកនាំគណៈស្នងការ និងកម្លាំងក្រោមឱវាទ និមន្តព្រះសង្ឃ ធ្វើពិធីក្រុងពាលី ចាប់ផ្តើមបើកការដ្ឋាន សាងសង់ សំណង់អាគារស្នាក់ការផែ សម្រាប់កម្លាំងនគរបាល បម្រើការងារប្រចាំថ្ងៃ ។
លោកស្នងការបានមានប្រសាសន៍ថា ដោយយល់ឃើញ នូវការខិតខំប្រឹងប្រែងរបស់កងកម្លាំង បម្រើការងារលើផ្ទៃទឹក រយៈពេលយូរ ពុំទាន់មានទីតាំងពិតប្រាកដ ហើយស្នាក់ការបណ្តែតទឹកមានសភាពចាស់ទ្រុឌទ្រោម លិចធ្លុះធ្លាយមិនអាចបណ្តែតលើផ្ទៃទឹកទៀតបាន ទើបស្នងការដ្ឋានបានរៀបចំ ពិធីក្រុងពាលី ដោយនិមន្តព្រះសង្ឃ ប្រោសព្រំ សុំសេចក្តីសុខ សេចក្តីចម្រើន សម្រាប់កងកម្លាំងបម្រើការងារលើផ្ទៃទឹក ក៏ជាកម្លាំងបម្រើការងារលើដីគោក និងក្រុងពាលី សុំសាងសងអាគារស្នាក់ការផែ មួយ ដែលមានបីបន្ទប់ និងសាលប្រជុំមួយ សម្រាប់ កម្លាំងនគរបាល នៃការិយាល័យចរាចរណ៍ផ្លូវទឹក ការិយាល័យនគរបាលអន្តោប្រវេសន៍ និង កម្លាំងនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លើផ្ទៃដីទំហំ ៤០ម៉ែត្រ គុណនឹង ១២០ម៉ែត្រ មានទីតាំង ស្ថិតនៅតំបន់៣ ភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ នឹងសាងសង់ដោយប្រើប្រាស់ថវិការបស់លោកស្នងការនគរបាលខេត្តផ្ទាល់ ព្រមទាំងថវិកាចូលរួមឧបត្ថម្ភ ពីសប្បុរសជន ក្នុងខេត្ត និងក្រៅខេត្តផងដែរ ៕












