
(បន្ទាយមានជ័យ):នៅព្រឹកថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ និងលោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង ជំនួយដឹកនាំផែនការងារភស្តភា និងហិញ្ញវត្ថុ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ មាន ថវិកា និង គ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ ហើយកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន និងមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នេះជាការលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់កងកម្លាំងដ៏អង់អាចក្លាហានដែល ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទី ចំពោះសុខទុក្ខរបស់ កងកម្លាំងយើង ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកឧត្តមសេនីយ៍ ស្នងការរង តំណាងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានពាំនាំការសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ចំពោះកងកម្លាំងទាំងអស់ ជាពិសេសការគោរពស្ញប់ស្ញែង ចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីជាទីស្នេហានៃយើង និងការលះបង់កម្លាំងកាយចិត្ដ បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់បំផុត ក្នុងការការពារបូរណភាពទឹកដី លះបង់ឈាមស្រស់ សាច់ស្រស់ បូជាជូនជាតិមាតុភូមិ ដោយក្តីមោទនភាពជាទីបំផុត។ និងបានជំរុញដល់ក្រុមគ្រូពេទ្យឱ្យមើលថែរហូតដល់ជាសះស្បើយ និងសូមជូនពរដល់កងកម្លាំងទាំងឆាប់បានជាសះស្បើយពីរបួសផងដែរ៕













