
ខេត្តត្បូងឃ្មុំ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមគោរពថ្លែងអំណរគុណចំពោះ បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ដែលបានផ្ដល់ព័ត៌មានតាមរយៈលេខទូរស័ព្ទប្រចាំបញ្ជា របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងការចុះផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ពាក់ព័ន្ធករណីមានការលួចលេងល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិអន្លង់ប៊ូ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ក្រោយទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ស្នងការ បានចាត់កម្លាំងនគរបាលជំនាញខេត្ត និងអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានចុះដល់ទីតាំងគឺពុំមានមនុស្សកំពុងលេងនោះទេ ប៉ុន្តែយើងពិនិត្យឃើញថាពិតជាមានការលួចលេងថ្មីៗ កម្លាំងយើងបានធ្វើការដុតបំផ្លាញសម្ភារៈ ដែលក្រុមអ្នកញៀនល្បែងបានរៀបចំជាសង្វៀនប្រជល់មាន់ចោល និងបន្តស្រាវជ្រាវរកម្ចាស់ទីតាំងដីខាងលើ ដើម្បីចាត់វិធានការរដ្ឋបាល ឬ/និងចាត់វិធានការច្បាប់ក្នុងករណីដែលរកឃើញថាបានផ្តល់ទីតាំង ឬចាត់ចែងឲ្យមានល្បែងស៊ីសងខុសច្បាប់។
ជុំវិញករណីខាងលើ លោកឧត្តមសេនីយ៍ស្នងការ បានដាក់បទបញ្ជាបន្ទាន់បន្ថែមឲ្យការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល អធិការដ្ឋាននគរបាលស្រុកពញាក្រែក និងបណ្តាអធិការដ្ឋាននគរបាលស្រុក-ក្រុង ៦ទៀត បង្កើនការស្រាវជ្រាវ និងតាមដាន ដើម្បីធ្វើការបង្ក្រាបការលួចលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យខានតែបាន។
ករណីមានហេតុការណ៍បន្ទាន់ សូមផ្តល់ព័ត៌មានមកក្រុមប្រចាំបញ្ជា ២៤/២៤ម៉ោង នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ តាមរយៈលេខទូរស័ព្ទ 071 4422 666 ។
សូមអរគុណ





