
ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឈានដល់ការបង្ក្រាបចំណុចលើផ្លូវ២១ ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ១-ឈ្មោះ វិត រ៉ាវុទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសាមគ្គី សង្កាត់ឬស្សី ខណ្ឌឬស្សីកែវ ភ្នំពេញ មុខរបរ សិស្ស ២-ឈ្មោះ នឹម ហុងឡេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកបឹងខ្នារ ខេត្តពោធិ៍សាត់ ។
ដោយកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកបក្សពួកជនសង្ស័យដែលរត់គេចខ្លួនដើម្បីយកមកអនុវត្តច្បាប់ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឆ្លើយប្រាប់ថា ក្រុមពួកគាត់តែងតែជិះម៉ូតូបង្ហោះនៅផ្លូវក្រវ៉ាត់ក្រុងទី៣ ហើយកាប់សាញនិងធាក់ប្លន់ដើម្បីយកម៉ូតូ ហើយក៏យកម៉ូតូទៅលក់នៅកន្លែងមួយមិនស្គាល់ទីតាំងលក់បានលុយ៦០០ដុល្លាយកទៅចែកគ្នាចាយ ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕








