
ខេត្តពោធិ៍សាត់:នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង នៅឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំប្រទល់ខេត្តត្រាត ប្រទេសថៃ និងបានដឹកនាំរៀបចំកម្លាំង និងរថយន្តត្រៀមជម្លៀស ប្រជាពលរដ្ឋនៅតាមព្រំដែនទៅកាន់ទីតាំងមាន សុវត្ថិភាពក្នុងករណីមានហេតុការណ៍ណាមួយកើត ឡើងដោយយថាហេតុ។
ក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្ត បានបញ្ជាក់ថា ដោយគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែល យកចិត្តទុកដាក់ពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ នៅតាមបន្ទាត់ព្រំដែនក្នុងខេត្តពោធិ៍សាត់ កម្លាំងជួរមុខ បានត្រៀមលក្ខណៈជាស្រេចក្នុងការការពារបូរណភាព ទឹកដី ហើយអាជ្ញាធរខេត្តបានត្រៀមកម្លាំង និងរថយន្ត ប្រមាណ ១៧០គ្រឿង រួចរាល់ក្នុងការជួយអន្តរាគមន៍ ជម្លៀសប្រជាពលរដ្ឋប្រមាណ ៣០០០នាក់ ដែលស្មើរ និង៨០០គ្រួសារ ក្នុងករណីចាំបាច់ ឯកឧត្ដម បានបន្ថែមថា ចំពោះចរន្តអគ្គីសនី ប្រព័ន្ធអ៊ីនធឺរណែត ក្នុងស្រុកវាលវែង ពុំមានតភ្ជាប់ពីប្រទេសថៃទេគឺប្រើប្រភពក្នុងខេត្តទាំងអស់។
សូមជម្រាបជូនដែរថា ខេត្តពោធិ៍សាត់ មាន ៧ក្រុង ស្រុក ក្នុងនោះមានតែស្រុកវាលវែង ដែលមាន ព្រំ ប្រទល់ជាមួយ ខេត្តត្រាតប្រទេសថៃ ដោយភ្ជាប់មកទី រួមខេត្ត តាមរយៈផ្លូវជាតិលេខ៥៥ ដែលមាន ចម្ងាយ ជិត ២០០គីឡូម៉ែត្រ ស្រុកវាលវែង មានឃុំចំនួន៥ មាន គម្រោងវារីអគ្គិសនី ចំនួន២ គឺគម្រោងវារីអគ្គិសនី អាតៃ អនុភាព ១២០ មេហ្គាវ៉ាត់ ស្ថិតក្នុងឃុំអូរសោម កំពុង ដំណើរការ និងគម្រោងវារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ អនុភាព៨០មេហ្គាវ៉ាត់ ស្ថិតក្នុងឃុំប្រម៉ោយ កំពុងដំណើរ ការសាងសង់គ្រោងដាក់អោយដំណើរការនៅឆ្នាំ២០២៦៕



















